វិស័យអប់រំមានតួនាទីភារកិច្ចសំខាន់ណាស់ក្នុងការកសាងធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពុទ្ធិ។ គ្រូបង្រៀន នាយកសាលា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាលារៀន សម្ភារសិក្សា និងប្រព័ន្ធអប់រំសុទ្ធសឹងជាធនធានមូលដ្ឋាន សម្រាប់ដំណើរការអប់រំឲ្យមានប្រសិទ្ធភាព។ នៅក្នុងចំណោមកត្តាទាំងនេះ បុគ្កលិកអប់រំ ជាពិសេសនាយកសាលា គ្រូបង្រៀន គឺជាកត្តាគន្លឹះបំផុតក្នុងការកសាងធនធានមនុស្ស ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពជាប្រចាំ។
ក្រសួងអប់រំ យុវជន និងកីឡា កសាងគោលនយោបាយស្ដីពី “ការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ” នេះឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពបំពេញការងាររបស់បុគ្គលិកអប់រំជាពិសេសការបង្រៀន និងរៀន ដើម្បីផ្ដល់ឱកាសឲ្យបុគ្កលិកអប់រំគ្រប់កម្រិតបានចូលរួមអភិវឌ្ឍវិជ្ជាជីវៈគ្រប់គ្នាដោយសមធម៌ បណ្ដុះវប្បធម៌ អភវឌ្ឍវិជ្ជាជីវៈពេញមួយជីវិតការងារដល់បុគ្គលិកអប់រំនៅតាមអង្គភាព និងសាលារៀន និងចេះចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ទៅវិញទៅមកនៅក្នុងសហគមន៍របស់ខ្លួន។